គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កម្ពុជា​: សម្ពោធជាផ្លូវការនៃគម្រោង Capfish

កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / កសិកម្ម / Author : ATH Sokren

ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រុមហ៊ុនខនហ្វីរេលមានក្តីសោមនស្សរីករាយចូលរួមកាលពីថ្ងៃពុធ ទី២៩​ ខែឧសភាកន្លងទៅនេះក្នុងកម្មវិធីចាប់ផ្តើមយន្តការគាំទ្រការវិនិយោគដែលរៀបចំដោយនាយកដ្ឋានរដ្ឋបាលជលផល សហការជាមួយនឹងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក DRIESMANS Igor ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

គម្រោងមួយនេះដែលមានការចូលរួមឧបត្ថម្ភជាថវិកាពីសហគមន៍អឺរ៉ុប នឹងជួយអភិវឌ្ឍដល់វិស័យជលផលក្រោយការប្រមូលផល ក្នុងនោះក៏មានផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលផងដែរ គឺម្សៅប្រហុក និងប្រហុកខ្ទិះម៉ាក KIRUM

មិនថាតំណាងភ្នាក់ងាររដ្ឋាភិបាល តំណាងអង្គការក្រៅរដ្ឋាភិបាល ដៃគូសហការមកពីក្រុមហ៊ុនឯកជន ឬក៏តំណាងមកពីស្ថាប័នសិក្សា និងស្រាវជ្រាវនោះទេ គឺតែងតែឈប់នៅពីមុខស្តង់ផលិតផលរបស់យើងទាំងអស់ដើម្បីស្វែងយល់កាន់តែច្បាស់ពីប្រហុកម៉ាក ​KIRUM របស់យើង ភ្លក់ប្រហុកខ្ទិះបៀកជាមួយនំបុ័ង និងដើម្បីស្គាល់ពីផលិតផលផ្សេងៗទៀតរបស់យើងដែលជាផលិតផលខ្មែរសុទ្ធសាធ។

យើងជឿជាក់ថា គម្រោងនេះនឹងជួយអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ហើយយើងពិតជាមានមោទកភាពណាស់ដែលបានចូលរួមកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ!